អំពូលសូឡាបំភ្លឺជិត៣០០ ត្រូវបានប្រគល់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ
ភ្នំពេញ៖ អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនត្រូវបានគណៈប្រិភូក្រសួងទេសចរណ៍ និងក្រសួងវប្បធម៍ និងវិចិត្រសិល្បះ ដឹកនាំដោយ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈយកទៅចែកជូន ដល់ក្រុមគ្រួសារបងប្អូនដែលជាយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវ ចន្លោះស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ការប្រគល់អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនចំនួន២៩៣អំពូលនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានវត្តមានផងដែរ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បះករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ រួមទាំងសិល្បករ សិល្បការិនី និងសប្បុរសជនបានបង្ហាញនូវ បង្ហាញអារម្មណ៍រីករាយដែលបានចុះទៅដល់បន្ទាត់ព្រំដែន និងបានចែកជូនដល់ក្រុមគ្រួសារកងទ័ព និងកម្លាំងនគរបាលដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយភាពអង់អាចក្លាហ៊ាន និងការលះបង់ខ្ពស់។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា បង្គោល និងអំពូលសូឡាដែលបានចែកជូនដល់គ្រួសារកងទ័ព និងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែនស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សប្បុរសជនតាមរយៈឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ និងបងប្អូនសិល្បះករ សិល្បការនី។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងបានបន្តថាការជូនអំពូលសូឡារបំភ្លឺនេះគឺជាការរួមចំណែកបំពេញភាពខ្វះខាតរបស់បងប្អូនកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិហើយទង្វើក្នុងការរួមចំណែករបស់ងប្អូនសប្បុរជននាពេលនេះក៏បានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តស្នេហាជាតិមាតុភូមិកម្ពុជា ។
ឯកឧត្តម សរ សុពុត្រា បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានគិតគូបំផុតពីសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន ការពារបូរណភាព និងអធិបតេយ្យភាពជាតិ ជាក់ស្តែងរាជរដ្ឋាភិបាលកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែន សង់លំនៅឋានឲ្យកងទ័ពនិងបានឲ្យក្រុមគ្រួសារបងប្អូនកងទ័ពបានរស់នៅជួបជុំក្រុមគ្រួសារផងដែរ។
គួបញ្ជាក់ផងដែរថា បង្គោលនិងផ្ទាំងអំពូលសូឡាចំនួន២៩៣ របស់សប្បុរសជនដែលបានចែកជូន ដល់ក្រុមគ្រួសារបងប្អូនដែលជាយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវនាពេលនេះ ជាការចែកជូនក្នុងដំណាក់កាលទី១ ព្រមទាំងនិងធ្វើការចែកជូនជាបន្តបន្ទាប់ទៀតដល់ក្រុមគ្រួសារយោធិន តាមបណ្តាយព្រំដែនចាប់ពីភូមិសាស្ត្រស្រុកបុរីអូស្វាយសែនជ័យរហូតដល់ភូមិសាស្ត្រស្រុកសៀមប៉ាងឲ្យបានគ្រប់ចំនួន៩៩៩ផ្ទាំង៕