សិក្ខាកាមវគ្គបំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ធ្វើលំហាត់យុទ្ធដំណើរទ័ព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសិក្ខាកាមធ្វើលំហាត់យុទ្ធដំណើរទ័ព ឆ្លងកាត់ភ្នំ ចំនួន ៤ គឺ ភ្នំបាក់ ភ្នំជញ្ជាំង ភ្នំខ្លាកូន និងភ្នំដូងព្រះ រយៈពេល១ថ្ងៃ ១យប់ ចម្ងាយ ១៥ គីឡូម៉ែត្រ ភូមិសាស្ដ្រ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី លោកនាយការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី៥ នាយការិយាល័យហ្វឹកហ្វឺន និងក្រុមគ្រូ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពត្រូវអនុវត្តលំហាត់យុទ្ធដំណើរទ័ពពង្រឹង កាយសម្បទារឹងមាំ និងរំលឹកឡើងវិញនូវជំនាញបច្ចេកទេស ពិសេសលើផ្នែកយុទ្ធវិធី ដើម្បីធានាបាននូវការអនុវត្តន៍តួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។
លោកមេបញ្ជាការ បន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឲ្យសិក្ខាកាមទាំងអស់ក្នុងវគ្គបំប៉នពង្រឹង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕