អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS
បាដាដ៖ អ្នកប្រយុទ្ធរាប់រយនាក់មកពីកងជីវពលអ៉ីរ៉ាក់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានឆ្លងចូលទៅក្នុងប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលដណ្តើមកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន ខណៈទីក្រុងតេហេរ៉ង់ សន្យាថានឹងជួយដល់រដ្ឋាភិបាលស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
កងសន្តិសុខអ៉ីរ៉ាក់ ២នាក់និយាយថា យ៉ាងហោចណាស់អ្នកប្រយុទ្ធ ៣០០នាក់មកពីក្រុម Badr និង Nujaba បានឆ្លងចូលទៅស៉ីរី កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រុមឧទ្ទាមកំពុងប្រើប្រាស់ផ្លូវលំ ដើម្បីគេចពីច្រកព្រំដែនផ្លូវការ ហើយពួកគេនៅទីនោះ ដើម្បីការពារទីសក្ការបូជានិកាយស៉ីអ៉ីតមួយកន្លែង។ ប្រធានកងកម្លាំង Popular Mobilisation Forces របស់ប្រទេសអ៉ីរ៉ាក់ បានឱ្យដឹងថា មិនមានក្រុមនៅក្រោមឆ័ត្ររបស់ខ្លួន ចូលទៅក្នុងប្រទេសស៊ីរីឡើយ ហើយថាខ្លួនមិនធ្វើប្រតិបត្តិការក្រៅប្រទេសអ៉ីរ៉ាក់ទេ។
មន្រ្តីយោធាជាន់ខ្ពស់ស៉ីរីម្នាក់និយាយថា «អ្នកប្រយុទ្ធបានបំបែកជាក្រុមតូចៗ ដើម្បីជៀសវាងការវាយប្រហារតាមអាកាស។ ពួកគេគឺជាកម្លាំងថ្មីដែលត្រូវបានបញ្ជូន ឱ្យមកជួយទាហានរបស់យើង នៅជួរមុខភាគខាងជើង»។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានអះអាងថា យោធាស៉ីរីមានលទ្ធភាពប្រឈមមុខនឹងក្រុមឧទ្ទាម ហើយបើនិយាយពីក្រុមជីវពលក្នុងតំបន់ ដែលគាំទ្រដោយអ៉ីរ៉ង់ លោកថាពួកគេនឹងជួយ ខណៈអ៉ីរ៉ង់នឹងផ្តល់ការគាំទ្រណាមួយ ដែលស៉ីរីត្រូវការ។
គួរបញ្ជាក់ថា ក្រុមកងជីវពលក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានរួមចំណែកក្នុងជោគជ័យនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលស៉ីរី លើការបង្ក្រាបក្រុមឧទ្ទាមបះបោរ ប្រឆាំងប្រធានាធិបតី លោក Bashar al-Assad កាលពីឆ្នាំ ២០១១ ហើយពួកគេបានរក្សាមូលដ្ឋាន នៅស៉ីរីជាយូរមកហើយ៕