រុស្ស៊ី កំពុងជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគយ៉ាងខ្លាំងក្លា ជាមួយម៉ាឡេស៊ី
គូឡាឡាំពួ៖ រុស្ស៊ីបាននិងកំពុងជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគយ៉ាងខ្លាំងក្លាជាមួយម៉ាឡេស៊ី ចំពេលទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២ ។ រដ្ឋមន្ត្រី និងមន្ត្រីរុស្ស៊ីបានដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅរុស្ស៊ីក្នុងខែកញ្ញា តាមការអញ្ជើញរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា (EEF)។
លោក អាន់វ៉ា បានសរសើរប្រធានាធិបតីរុស្ស៊ីលោក ពូទីន ជុំវិញការដឹកនាំប្រទេសរុស្ស៊ីប្រកបដោយការអភិវឌ្ឍ និងបានសន្យាធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ លោក អាន់វ៉ា អះអាងថាមាន សក្តានុពលដ៏ធំសម្បើម ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់។ កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំធុរកិច្ចដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ចុងបូព៌ារបស់រុស្ស៊ី។
នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក លោក អាន់វ៉ា បានហៅប្រទេសរុស្ស៊ីថាជា«ដៃគូសំខាន់» ហើយបានស្នើឱ្យប្រទេសទាំង២ បង្កើតទំនាក់ទំនងពិសេស។ ទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំង២ លេចឡើងចំពេលដែលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយប្រទេសលោកខាងលិចសម្រាប់ការលុកលុយលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ។ កាលពីឆ្នាំមុន ការនាំចេញរបស់ម៉ាឡេស៊ីទៅរុស្ស៊ីបានកើនឡើង១៣ ភាគរយដល់ចំនួន ៦១៩,៣ លានដុល្លារធៀបនឹងឆ្នាំមុន ខណៈការនាំចេញរបស់រុស្ស៊ីទៅម៉ាឡេស៊ីបានកើនឡើង១០,៨ ភាគរយដល់ចំនួន២,៤៩ ពាន់លានដុល្លារ។
នៅឯវេទិកាធុរកិច្ចអន្តរជាតិរុស្ស៊ី-អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលធ្វើឡើងនៅរដ្ឋធានីគូឡាឡាំពួរកាលពីសប្តាហ៍មុន មន្ត្រីរុស្ស៊ីបាននិយាយថា៖«មានឱកាសជាច្រើនដែលយើងមិនទាន់បានទាញយកប្រយោជន៍ពីវា ដែលរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យដូចជា សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍកម្មវិធី និងទូរគមនាគមន៍ជាមួយតំបន់»។បច្ចុប្បន្ននេះ ពាណិជ្ជកម្មរវាងប្លុក និងប្រទេសគឺផ្តោតលើប្រេង និងឧស្ម័ន ថាមពល និងវិស័យកសិកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងដោយមូលនិធិ RosCongress ដែលផ្តោតលើការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងមុខមាត់អន្តរជាតិរបស់រុស្ស៊ី។
ម៉ាឡេស៊ី ដែលនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ មានបំណងចង់ចូលរួមជាមួយរុស្ស៊ី និងប្រទេសសមាជិក BRICS ដើម្បីធ្វើពិពិធកម្មពីទីផ្សារប្រពៃណីរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវមជ្ឈភាពអាស៊ាន ចំពេលមានការប្រកួតប្រជែងរវាងមហាអំណាចពិភពលោក។ គួរជម្រាបថា អាស៊ានក៏បានទទួលផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីដែរ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ានបានកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំ២០២២ ។ អាស៊ានដែលមានផលិតផលក្នុងស្រុកសរុបជិត៤ ពាន់ពាន់លានដុល្លារ គឺជាមហាអំណាចសេដ្ឋកិច្ចទី៥ ក្នុងពិភពលោក៕