លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង
សិង្ហបុរី៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។
តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃអង្គារ លោក Wong បញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា។ ខ្ញុំទើបតែធ្វើតេស្តដើម្បីឱ្យប្រាកដ ជាលទ្ធផលខ្ញុំបានឆ្លងកូវីដ១៩ លើកដំបូង បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ ជារួម ខ្ញុំមិនអីទេ ហើយនឹងធ្វើការងារពីផ្ទះ»។
លោក Wong បានក្រើនរំលឹកដល់សាធារណជន ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ខណៈដែលរដូវកាលវិស្សមកាលកាន់ខិតជិតមកដល់ ដោយមនុស្សម្នាជាច្រើនអាចនឹងត្រូវធ្វើដំណើរ។ លោកបន្ថែមថា ប្រសិនបើមានបញ្ហាសុខភាព សូមពាក់ម៉ាស និងអនុវត្តការប្រុងប្រយ័ត្ននានា ដើម្បីការពារខ្លួនឯង និងអ្នកដ៏ទៃ។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក Wong បានទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក តាមការអញ្ជើញរបស់ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ។ មុនទៅប្រទេសថៃ លោកបានចូលរួមកិច្ចប្រជុំកំពូល APEC នៅប៉េរូ និងកិច្ចប្រជុំ G20 នៅប្រេស៉ីល៕