ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង
ម៉ានីល៖ ហ្វីលីពីនបាននិយាយថាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹក និងព្យាយាមបុកនាវារបស់ខ្លួន នៅថ្ងៃពុធ ទី៤ ខែធ្នូ អំឡុងធ្វើប្រតិបត្តិការល្បាតសមុទ្រនៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ Scarborough Shoal ក្រោយប៉េកាំងអះអាងថាខ្លួនអនុវត្តការគ្រប់គ្រងលើនាវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
វីដេអូដែលបញ្ចេញដោយទីក្រុងម៉ានីល បានបង្ហាញថានាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រចិនបានបុកទង្គិចផ្នែកខាងស្ដាំរបស់នាវា BRP Datu Pagbuaya ហើយនាវិកនៅលើនាវាឆ្មាំសមុទ្រចិនថែមទាំងស្រែក ថាបុកទៅៗ ទៀតផង។ បន្ថែមពីលើនេះ អ្នកនាំពាក្យរបស់ឆ្មាំសមុទ្រហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថានាវាឆ្មាំសមុទ្រចិនក៏បានប្រើកាណុងបាញ់ទឹកលើនាវា Pagbuaya ផងដែរ។
បើតាម អ្នកនាំពាក្យរូបនេះ នាវាចិនមានចេតបុកទង្គិចនាវាហ្វីលីពីន មុននឹងប្រើកាណុងបាញ់ទឹកជាលើកទី២។ ប៉ុន្តែ ខាងឆ្មាំសមុទ្រចិន បាននិយាយថានាវា៤គ្រឿងរបស់ហ្វីលីពីន បានព្យាយាមចូលក្នុងដែនទឹក របស់ចិននៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough Shoal គឺជាតំបន់មានវិវាទដ៏ក្ដៅគគុកមួយរវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ តំបន់ថ្មប៉ប្រះទឹកដែលហ្វីលីពីនអះអាងថាជាទឹកដីរបស់ខ្លួន ត្រូវបានចិនគ្រប់គ្រងចាប់តាំងពីឆ្នាំ២០១២មក៕