នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង
ស្តុកខុល៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីស៊ុយអែត បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែធ្នូ ថា លោក Ulf Kristersson បានសម្រេចចិត្តផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យ បាននិយាយដូច្នេះថា «ដោយសារស្ថានការណ៍វិវត្តចុងក្រោយនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ច។ ពួកយើងបានទាក់ទងជាមួយកូរ៉េខាងត្បូង កាលពីព្រឹកនេះ ហើយឥឡូវនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកកាលបរិច្ឆេទថ្មីវិញ សម្រាប់ការធ្វើទស្សនកិច្ច នាពេលអនាគត»។ តាមកាលវិភាគគ្រោងទុក លោក Kristersson ត្រូវបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អំឡុងទស្សនកិច្ចនោះ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក Yoon បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ ដោយប្រកាសអនុវត្តច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានដកចេញវិញ បន្ទាប់ពីសភាបោះឆ្នោតជំទាស់។ សមាជិកសភាកូរ៉េខាងត្បូង បានទាមទារឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកនោះ ខណៈក្រុមគណបក្សប្រឆាំង ក៏បាននាំគ្នាដាក់ចេញសេចក្តីព្រាងមួយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែង ប្រឆាំងលោក Yoon តែម្តង ផងដែរ។