ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក
ប៉េកាំង៖ បណ្តាក្រុមហ៊ុនផលិតបន្ទះឈីបចិន ដែលត្រូវបានកំណត់គោលដៅ ដោយរដ្ឋាភិបាលទីក្រុង Washington ជាមួយនឹងការគ្រប់គ្រងការនាំចូលថ្មី បានប្តេជ្ញាចិត្តក្នុងការបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ហើយថា ពួកគេអាចបន្តផលិតកម្មរបស់ខ្លួនបាន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ការទប់ស្កាត់ថ្មីចុងក្រោយ ដែលជាការបង្ក្រាបរបស់សហរដ្ឋអាម៉េរិក ជាលើកទី៣ លើវិស័យរបស់ចិន ក្នុងរយៈពេល៣ឆ្នាំនោះ បានផ្តោតលើបរិក្ខាផលិតបន្ទះឈីប, កម្មវិធីផ្នែកទន់ និងអង្គចងចាំកម្រិតបញ្ជូនខ្ពស់។
អាម៉េរិក បានដាក់កំហិតនាំចូល លើក្រុមហ៊ុនចំនួន១៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនផលិតបន្ទះឈីប Naura Techonology Group និង ACM Research ផងដែរ។
ស្របពេលដែលអាជ្ញាធរចិន បានហៅការផ្លាស់ប្តូរនេះថា «ជាការបង្ខិតបង្ខំសេដ្ឋកិច្ច» នោះ, វិធានការនេះ ហាក់ដូចជាមានផលប៉ះពាល់តិចតួច លើភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីប ខណៈអ្នកវិភាគបាននិយាយថា ការទប់ស្កាត់នេះ មិនសូវតឹងរ៉ឹង ជាងការភ័យខ្លាចនោះទេ៕