យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ
បរទេស៖ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់រុស្ស៊ី បានបាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង មីស៊ីលនាំផ្លូវ និងមីស៊ីលផ្លោង ដែលជាផ្នែកមួយ នៃសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា សមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យមានការចូលរួមពីនាវិក និងអាកាសយានិកជាង ១.០០០ នាក់, នាវា និងនាវាជំនួយ ១០គ្រឿង, យន្តហោះ ២៤គ្រឿង និងប្រព័ន្ធកាំជ្រួចមីស៊ីលតាមឆ្នេរសមុទ្រ។ ឧត្តមនាវីឯក Alexander Moiseyev មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានត្រួតពិនិត្យសមយុទ្ធនេះផ្ទាល់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធប្រយុទ្ធមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ដែលថ្មីៗនេះត្រូវបានអនុម័ត ដោយកងទ័ពជើងទឹក និងទ័ពអាកាសនៃប្រទេសរុស្ស៊ី” ។
សមយុទ្ធកាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងនាវាចម្បាំងមីស៊ីលរបស់កងនាវា Admiral Gorshkov និង Admiral Golovko បានបាញ់មីស៊ីល Zircon ដែលមានល្បឿនលឿនជាងសំឡេង។ នាវាមុជទឹក Novorossiysk ក៏បានបាញ់បង្ហោះកាំជ្រួច Kalibr នៅឯគោលដៅសមុទ្រ ផងដែរ។
ការបញ្ចប់សមយុទ្ធគឺការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal hypersonics ពីយន្តហោះចម្បាំង MiG-31 និងការបាញ់បង្ហោះកាំជ្រួច Onyx ពីឆ្នេរសមុទ្រ Bastion ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ ៕