វិវាទទិញលក់អចលនវត្ថុរ៉ាំរ៉ៃ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោកស្រី សន សូនី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុមួយករណី បានដោយជោគជ័យ។
វិវាទដ៏រ៉ាំរ៉ៃនេះកើតឡើងតាំងពីឆ្នាំ២០១១ លើទីតាំងដីមួយកន្លែង ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ដេីមចមនៃវិវាទនេះ កេីតទ្បេីងពីការមិនអាចអនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធិលេីដី ឱ្យទៅភាគីម្ខាងទៀត
ស្របតាមកិច្ចសន្យាលក់ទិញ។ ករណីវិវាទនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយនៅស្ថាប័នមានសមត្ថកិច្ចជាច្រើន និងធ្លាប់បានប្តឹងផ្តល់ទៅតុលាការ រហូតមានការសម្រេចពីតុលាការ តែមិនទាន់អាចដោះស្រាយបញ្ចប់វិវាទដ៏ស្មុគស្មាញនេះបាន។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ ៕