រដ្ឋមន្ត្រីអប់រំ ជួបគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ពិភាក្សាពីការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ស្តីពី ការរៀបចំមហាសន្និបាតបញ្ចប់ អាណត្តិ២០២០-២០២៤ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា និងមានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងប្រតិភូខេមរសហព័ន្ធតេក្វាន់ដូ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ និងក្រុមការងារពាក់ព័ន្ធនៃខេមរសហព័ន្ធតេក្វាន់ដូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អប្រសើរឡើងពី មួយអាណត្តិ ទៅ មួយអាណត្តិ នាពេលកន្លងមក ដោយបច្ចុប្បន្ន កីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់វ័យនិងគ្រប់ស្រទាប់ទាំងអស់ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យ បន្តផែនការសកម្មភាពដែលបានគ្រោង លើកទឹកចិត្តឱ្យផ្សព្វផ្សាយបន្តទៅតាមសាលារៀន ដើម្បីពង្រីកក្លិបតេក្វាន់ដូបន្ថែម ដែលអាចបង្កើតជាការងារសម្រាប់គ្រូបង្វិក ត្រូវមានការរៀបចំទិន្នន័យរបស់សិស្សក្នុងរាជធានី-ខេត្តឱ្យបានច្បាស់លាស់ និងគាំទ្រទៅលើកម្មវិធី Exchange Program សម្រាប់ឱ្យអត្តពលិកមានឱកាសទទួលបានការហ្វឹកហាត់ជាមួយអ្នកដែលធ្លាប់បានមេដាយអូឡាំពិករួចហើយ ដើម្បីឱ្យពួកគាត់ទទួលបានបទពិសោធន៍ជាក់ស្តែង ពង្រីកវិសាលភាព និងសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍ The 5th Asian Youth Games 2029 (AYG) ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកពាក់ព័ន្ធនៃខេមរសហព័ន្ធតេក្វាន់ដូ ដែលសម្រេចបានសមិទ្ធផលនាពេលកន្លងមកនេះ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនានា ជាពិសេសចំពោះការរៀបចំការប្រកួត National Taekwondo Virtual ជាលើកដំបូង និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការរបស់ ស្ថាប័ន KUKKIWON ប្រចាំនៅកម្ពុជានាពេលខាងមុខនេះ៕