ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលយកការលាលែងពីតំណែង របស់រដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងយុន និងតែងតាំងទូតប្រចាំអារ៉ាប៊ីសាអូឌីត ជារដ្ឋមន្ត្រីការពារជាតិថ្មី
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លោក យូន ស៊ុកយ៉ុល បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងយុន (Kim Yong-hyun) ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត លោក ឆយ យ៉ុងយុក ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើយោងតាមសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ។
ការិយាល័យរបស់លោក យូន បានបញ្ជាក់ពីការតែងតាំងលោក ឆយ ដែលជាអតីតឧត្តមសេនីយ៍៍កងទ័ព សម្រាប់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ យ៉ុនហាប់ បានរាយការណ៍ថា ប្រធានបុគ្គលិករបស់លោក យូន លោក ជុង ជីនស៊ុក (Chung Jin-suk) បានហៅលោក ឆយ ថាជាមនុស្សមានគោលការណ៍ ដែលបំពេញភារកិច្ចរបស់គាត់ដោយយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។ លោកបន្តថា៖«លោក ឆយ គឺជាជម្រើសដ៏សក្តិសមសម្រាប់តួនាទីជារដ្ឋមន្ត្រីការពារជាតិថ្មី ខណៈដែលគាត់គឺជាឧត្តមសេនីយ៍យោធាផ្កាយបួនចូលនិវត្តន៍ បានបម្រើការជាមេបញ្ជាការរងនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-អាម៉េរិក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០»។ លោក ជុង បានពណ៌នាលោក ឆយ ថា ជាប្រមុខការពារជាតិដែលនឹងបំពេញនូវទំនួលខុសត្រូវស្នូលរបស់យោធា រួមទាំងការរក្សាជំហរត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ដោយផ្អែកលើសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិកដ៏រឹងមាំ។
ការតែងតាំងនេះ គឺជាចំណាត់ការផ្លូវការដំបូងដោយលោក យូន បន្ទាប់ពីលោកបានប្រកាសលុបចោលការប្រើច្បាប់អាជ្ញាសឹកនៅព្រឹកព្រលឹមថ្ងៃពុធ ចំពេលមានព្យុះនៃភាពចលាចលនយោបាយ និងការដួលរលំផ្នែកការទូត។ លោក គីម ត្រូវបានគេរាយការណ៍ថា បានណែនាំលោក យូន ឱ្យប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ ត្រូវបានលុបចោលបន្ទាប់ពីការបោះឆ្នោតសភា។ លោក គីម បានចេញមុខសុំទោសពលរដ្ឋចំពោះការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ លោកបានបរិយាយថា លោកមានអារម្មណ៍សោកស្ដាយចំពោះការបង្កក្តីបារម្ភ និងការភ័ន្តច្រឡំដល់ប្រជាជន។
គណបក្សប្រឆាំងចំនួន៦ កាលពីថ្ងៃពុធបានដាក់ចេញសេចក្ដីព្រាងច្បាប់អំពាវនាវឱ្យមានការទម្លាក់តំណែងលោក យូន។ សំណើនេះត្រូវបានគេរំពឹងថា នឹងត្រូវបោះឆ្នោតដោយសមាជិកសភានៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍។ គណបក្សប្រជាធិបតេយ្យជាបក្សប្រឆាំងដ៏សំខាន់បានហៅការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក យូន ថា ជាទង្វើក្បត់ជាតិ។ យ៉ាងណា គណបក្សរបស់លោក យូន បានសន្យាថា នឹងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដកតំណែងប្រធានាធិបតី ដោយធ្វើឱ្យដំណើរការនេះធ្លាក់ទៅក្នុងភាពសង្ស័យ។
មេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាសមាជិកសភារបស់ពួកគេទាំងអស់នឹងរួបរួមគ្នា ដើម្បីកម្ចាត់ចលនាដឹកនាំដោយគណបក្សប្រឆាំង ដើម្បីដកតំណែងប្រធានាធិបតី។ គណបក្សប្រឆាំងមិនមានសំឡេងគ្រប់គ្រាន់នៅក្នុងសភាដើម្បីអនុម័តច្បាប់ដកតំណែងលោក យូន ឡើយ ហើយនឹងតម្រូវឱ្យសមាជិកគណបក្សកាន់អំណាចចំនួន៨ រូបបោះឆ្នោតគាំទ្រពួកគេ ដើម្បីឱ្យផែនការនេះទទួលបានជោគជ័យ៕