នាយករដ្ឋមន្ត្រីឡាវ អញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន មានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏មានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយក រដ្ឋមន្ត្រី នៅវិមានសន្តិភាពផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា ជាការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ៕