មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបជ្រើសរើសថ្មី ៤០រូប ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ»
កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ដារពរ) ចូលហ្វឹកហ្វឺននៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» ចំនួន៤០នាក់។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តមានមោទនភាពក្រៃលែង ដែលកូនក្មួយជាកងកម្លាំងបន្តវេន ដែលបានប្រឡងជាប់ជាស្ថាពរទៅតាមសមត្ថភាព ហើយត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននៅសាលា ដូច្នេះកូនក្មួយត្រូវយកអស់កម្លាំងកាយចិត្តហ្វឹកហាត់លត់ដំឲ្យបានដាច់ខាតទាំងទ្រីស្តី និងអនុវត្តផ្ទាល់ដើម្បីបានក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏មុតស្រួចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ឯកឧត្ដមបណ្ឌិតបន្តថា ក្រោយពីហ្វឹកហាត់ចប់ ទើបក្មួយៗក្លាយខ្លួនជាកម្លាំងកងរាជអាវុធហត្ថ ត្រូវមកបម្រើការក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺវិញ ហើយភារកិច្ចបន្ទាប់គឺមានឆន្ទៈស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវការពារសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋានឲ្យបានប្រកបដោយភាពស្មោះត្រង់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា ក្មួយៗដើម្បីបានក្លាយខ្លួនជានាយទាហានបន្តវេន ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដ៏ត្រឹមត្រូវតាមសមត្ថភាព ហើយបន្តចូលហ្វឹកហ្វឺនរហូតបញ្ចប់វគ្គ បើគ្មានការតស៊ូទេពិតជាមិនអាចបន្តវេនបានឡើយ៕