ឧត្តមសេនីយ៍រុស្ស៊ី ទូរស័ព្ទទៅព្រមានអាមេរិក អំពីការសាកល្បងមីស៊ីលលឿនជាងសំឡេង នៅសមុទ្ទមេឌីទែរ៉ាណេ
វ៉ាស៊ីនតោន៖ យោធាអាម៉េរិក បានបង្ហាញកាលពីថ្ងៃពុធទី៤ ខែធ្នូថា ឧត្តមសេនីយ៍៍ទ័ពអាកាស ឆាលស៍ ប្រោន បានជជែកពិភាក្សាតាមទូរសព្ទជាមួយអគ្គសេនាធិការរុស្ស៊ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ កាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍រុស្ស៊ីបានព្រមានអាម៉េរិក អំពីការសាកល្បងមីស៊ីលលឿនជាងសំឡេងនៅសមុទ្ទមេឌីទែរ៉ាណេ។
អ្នកនាំពាក្យរបស់លោក ប្រោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មន្ត្រីទាំង២ បានពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក និងក្នុងតំបន់មួយចំនួន ដើម្បីរួមបញ្ចូលជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន»។ ការហៅទូរសព្ទដ៏កម្របានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែតាមសំណើរបស់ឧត្តមសេនីយ៍៍៍ ហ្គេរ៉ាស៊ីម៉ូវ លោក ប្រោន បានយល់ព្រមថា នឹងមិនប្រកាសពីជំនួបនេះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា សំណើសុំការជួបពិភាក្សាតាមទូរសព្ទនេះ ត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៊ី។
លោក ហ្គេរ៉ាស៊ីម៉ូវ ព្រមានសហរដ្ឋអាម៉េរិកថា រុស្ស៊ីនឹងបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងនៅសមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ហើយថា នាវាកងទ័ពជើងទឹកអាម៉េរិកគួរតែកាច់ចង្កូតចេញពីតំបន់គោលដៅដើម្បីសុវត្ថិភាព។ នេះបើយោងតាមមន្ត្រីអាម៉េរិក។ ការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្សីធ្វើឡើងនៅសមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ជាតំបន់ដែលកងទ័ពជើងទឹកអាម៉េរិកមាននាវា amphibious ចំនួន៣គ្រឿង ជាមួយនឹងកងម៉ារីនចំនួន២២០០នាក់នៅលើនោះ ក៏ដូចជានាវាពិឃាដដែលផ្តល់ការការពារមីស៊ីលសម្រាប់អ៊ីស្រាអែល។ នាវាកងទ័ពជើងទឹករុស្ស៊ីបានធ្វើដំណើរទៅកាន់សមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ពីមូលដ្ឋានរបស់ពួកគេនៅតំបន់អាក់ទិក ហើយការសាកល្បងបានកើតឡើងនៅពេលដែលយន្តហោះយោធារុស្ស៊ី កំពុងគាំទ្រប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ (Bashar al Assad) បន្ទាប់ពីកងកម្លាំងឧទ្ទាមបានដណ្តើមកាន់កាប់ទីក្រុងអាឡិបប៉ូកាលពីដើមសប្តាហ៍នេះ។
គួរជម្រាបថា លោក ប្រោន បានក្លាយជាឧត្តមសេនីយ៍៍កំពូលរបស់សហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន ហើយលោក ហ្គេរ៉ាស៊ីម៉ូវ បានជួបពិភាក្សាចុងក្រោយជាមួយនឹងអ្នកស្នងតំណែងមុនរបស់លោក ប្រោន គឺ លោក ម៉ាក មីលលី (Mark Milley)។ នៅក្នុងការសន្ទនា លោក ប្រោន និងលោក ហ្គេរ៉ាស៊ីម៉ូវ ក៏បានពិភាក្សាអំពីវិធីចៀសវាងការគណនាខុស និងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរលើបញ្ហាអ៊ុយក្រែន។ ជាពិសេស ពួកគេបានពិភាក្សាគ្នាពីសហរដ្ឋអាម៉េរិកដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាការសាកល្បងជាបន្តបន្ទាប់របស់រុស្ស៊ីនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) លើគោលដៅមួយក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម គឺជាការសងសឹកចំពោះអ៊ុយក្រែនដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីល ATACMS វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី៕