រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន ជាង១ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត»។
ឯកឧត្ដម ឃួង ស្រេង បានឲ្យដឹងថា តាមរយៈការអនុវត្ត «ប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥» ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្តានុពលដែលមានស្រាប់ ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តជំរុញ ការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំ និងលក្ខណៈជាប្រព័ន្ធ។
ឯកឧត្ដមបន្តថា ក្នុងនោះ រយៈពេល១០ខែ ឆ្នាំ២០២៤នេះ មន្ទីរជំនាញបានប្រមូលទិន្នន័យក្បាលដីបានចំនួន ៣៥,០៦២ក្បាលដី, ចុះបញ្ជីលើកដំបូងតាមលក្ខណៈ ដាច់ដោយដុំបានចំនួន៨៣ប័ណ្ណ និងបានជំរុញ ការប្រមូលចំណូលពន្ធប្រថាប់ត្រា បង់ចូលថវិកាជាតិចំនួនប្រមាណ២៩០ពាន់លានរៀល ឬស្មើនឹងជាង៧០លានដុល្លារអាម៉េរិក។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា ចំពោះវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យឃើញតាមរយៈវត្តមាន ទីក្រុងរណប អគារ ពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួម នៅរាជធានីភ្នំពេញ មាន សំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៤៤៨កន្លែង និងអគារខ្ពស់ៗ ចំនួន១,៨៤៩ អគារក្នុងនោះ៖ អគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន៖ ១,០៨៨អគារ , អគារកម្ពស់ពី ១០ជាន់ ទៅ១៩ជាន់ មានចំនួន៖ ៤៩១អគារ, អគារកម្ពស់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន៖ ១៤៤អគារ, អគារកម្ពស់ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន៖ ៧៦អគារ, អគារកម្ពស់ពី ៤០ជាន់ឡើងទៅ មានចំនួន៖ ៥០អគារ៕