វិវាទក្នុងគ្រួសារពាក់ព័ន្ធនឹងការបែងចែកទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោកស្រី សន សូនី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារពាក់ព័ន្ធនឹងការបែងចែកទ្រព្យមួយករណី បានដោយជោគជ័យ។
ចំពោះករណីនេះ គូភាគីវិវាទបានព្រមព្រៀងផ្តាច់ចំណងអាពាហ៍ពិពាហ៍ (លែងលះ) តាមផ្លូវតុលាការ ប៉ុន្តែ គូភាគីមិនមានការព្រមព្រៀងគ្នាលេីការបែងចែកទ្រព្យសម្បត្តិនោះទេ ហេីយបានប្តឹងផ្តល់គ្នា តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍។
ក្រោយមក គូភាគីបានទទួលការប្រឹក្សាយោបល់ឱ្យមកធ្វេីការសម្របសម្រួលលេីករណីបែងចែកទ្រព្យ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) មុននឹងបន្តនីតិវិធីលែងលះ តាមផ្លូវតុលាការ។ ដូច្នេះ នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕