ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ ដើម្បីស្ដាប់ទុក្ខកង្វល់ និងដោះស្រាយសំណើរ និងសំណូមពររបស់ពលរដ្ឋ នៅក្នុងស្រុកល្វាឯម
ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ ដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ សំដៅដោះស្រាយរាល់សំណើរ ដែលជាតម្រូវការចំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកល្វាឯម និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់។
ឯកឧត្តម នូ សាខន បានបញ្ជាក់ថា វេទិកានេះពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយក៏ជាពេលវេលាមួយសម្រាប់ក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីអាចដោះស្រាយបានភ្លាមៗ ក្រុមប្រឹក្សាគណៈអភិបាលខេត្ត និងមន្ទីរជំនាញនឹងខិតខំធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានចូលរួម របស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងវេទិកានេះ ដែលបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការគ្នាយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើឱ្យមូលដ្ឋានកាន់តែទទួលបាននូវការអភិវឌ្ឍថ្មីៗថែមទៀត។
ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម នុត ពុធដារ៉ា ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្តកណ្តាល ក៏បានជំរុញដល់អាជ្ញាធរស្រុក ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាលទ្ធផលក្នុងវេទិកានេះ ទទួលបានសំណើ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៣៧ ក្នុងនោះ៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ ចំនួន ៧។ ផ្នែកសេដ្ឋកិច្ច ចំនួន ១២ ផ្នែកសង្គមកិច្ច ចំនួន ៣ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ចំនួន ១៥។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមសំណើ និងសំណូមពរទាំង ៣៧នេះ ជាសមត្ថកិច្ចរបស់ថ្នាក់ជាតិចំនួន ១សំណើ/សំណូមពរ ជាសមត្ថកិច្ចរបស់រដ្ឋបាលខេត្តចំនួន ៦សំណើ/សំណូមពរ ជាសមត្ថកិច្ចរបស់មន្ទីរ អង្គភាពពាក់ព័ន្ធចំនួន ៨សំណើ/សំណូមពរ និងជាសមត្ថកិច្ចរបស់រដ្ឋបាលស្រុក ឃុំ មានចំនួន ២២សំណើ/សំណូមពរ ៕