បទវិភាគ៖ការបង្កហេតុជុំថ្មីនៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីនមុខជានឹងបញ្ចប់ដោយបរាជ័យជាមិនខាន
នៅយប់ថ្ងៃទី៤ខែធ្នូ ឆ្មាំសមុទ្រចិនបានចេញផ្សាយវីដេអូផ្សាយផ្ទាល់មួយ៖នាវាផ្លូវការហ្វីលីពីនលេខ៣០០៣ បានបរមកប្រកៀកជិតនាវាឆ្មាំសមុទ្រចិនលេខ៣៣០២ដោយរបៀបមិនស្ទាត់ជំនាញនិងគ្រោះថ្នាក់ ដែលបណ្តាលឱ្យកើតមានការបុកគ្នា។ នៅថ្ងៃដដែល នាវាឆ្មាំសមុទ្រ នាវាផ្លូវការនិងនាវានេសាទជាច្រើនរបស់ភាគីហ្វីលីពីនបានបំពានចូលដែនសមុទ្រនៃកោះHuangyanប្រទេសចិន។ នៅប៉ុន្មានថ្ងៃមុននេះ នាវាជាច្រើនរបស់ភាគីហ្វីលីពីនបានយកលេសថានេសាទត្រី ដើម្បីទៅប្រមូលផ្ដុំគ្នាដោយខុសច្បាប់នៅដែនសមុទ្រជាប់ថ្មប៉ប្រះទឹកHoutengនៃប្រជុំកោះNanshaរបស់ប្រទេសចិន ហើយបានដឹកអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយមកតាមថតនិងឃោសនាបំប៉ោង។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដ៏ចាំបាច់តាមផ្លូវច្បាប់និងបទប្បញ្ញត្តិចំពោះនាវាហ្វីលីពីន។
ពីថ្មប៉ប្រះទឹកHoutengដល់កោះHuangyan ហេតុអ្វីបានជាហ្វីលីពីនបំផុសការបង្កហេតុជុំថ្មីនៅសមុទ្រចិនខាងត្បូងនៅពេលនេះ? មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅថ្ងៃទី៨ខែវិច្ឆិកា លោកMarcosប្រធានាធិបតីហ្វីលីពីនបានចុះហត្ថលេខាលើអ្វីដែលហៅថា《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》និង《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》ដែលបានដាក់បញ្ចូលកោះHuangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះNanshaព្រមទាំងដែនសមុទ្រពាក់ព័ន្ធនៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីនដោយខុសច្បាប់ដែលប៉ុនប៉ងចង់ពង្រឹងការកាត់ក្តីដោយខុសច្បាប់នៃសំណុំរឿងមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់នីតិប្បញ្ញត្តិក្នុងស្រុក។ ក្នុងរយៈពេលមិនដល់មួយខែផង ភាគីហ្វីលីពីនបានបំផុសការឈ្លានពានជុំថ្មីនៅសមុទ្រចិនខាងត្បូង គឺជាប្រតិបត្តិការជាក់ស្តែងដែលគួបផ្សំនឹងការរំលោភសិទ្ធិតាមរយៈនីតិប្បញ្ញត្តិ។
ក្នុងបរិបទមួយទៀតគឺ៖ នៅចុងខែវិច្ឆិកា ភាគីអាមេរិកបានទទួលស្គាល់ជាលើកដំបូងនូវការដាក់ពង្រាយអ្វីដែលហៅថា”ក្រុមចាត់បញ្ជូនពិសេសថ្មប៉ប្រះទឹកRen’ai”ដែលបង្កើតឡើងដោយទាហានអាមេរិកនៅប្រទេសហ្វីលីពីន។ ទង្វើនេះបានធ្វើឱ្យភាគីហ្វីលីពីនកាន់តែគឃ្លើនថែមទៀត ដែលធ្វើឱ្យប្រតិបត្តិការលើដែនសមុទ្ររបស់ហ្វីលីពីនរឹតតែព្រហើន និងប៉ុនប៉ងសម្រេចបាននូវគោលបំណងជាច្រើន។
នៅថ្ងៃទី២ខែធ្នូ រដ្ឋាភិបាលចិនបានប្រគល់នូវ《សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនស្តីពីខ្សែមូលដ្ឋាននៃដែនសមុទ្រកោះHuangyan》និងផែនទីដែនសមុទ្រពាក់ព័ន្ធទៅឱ្យអង្គការសហប្រជាជាតិ។ នេះគឺជាការបំពេញកាតព្វកិច្ចរបស់ប្រទេសចិនក្នុងនាមជាភាគីហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ហើយក៏ជាការអនុវត្តអធិបតេយ្យភាពនិងយុត្តាធិការរដ្ឋបាលលើកោះHuangyanផងដែរ។ប៉ុន្តែ នៅថ្ងៃដដែលនោះ ភាគីហ្វីលីពីនបានបំពានចូលសមុទ្រចិនខាងត្បូងម្តងទៀត វាច្បាស់ណាស់ថាគឺដើម្បីសាកល្បងនូវការដែលប្រទេសចិននឹងចាត់វិធានការការពារសិទ្ធិនិងអនុវត្តច្បាប់បែបណា បន្ទាប់ពីប្រកាសពីខ្សែមូលដ្ឋានដែនសមុទ្រនៃកោះHuangyanរួចមក។ នៅពីក្រោយនេះ ក៏មានការគិតគូររបស់រដ្ឋាភិបាលលោកMarcos ដែលចង់ផ្ទេរទំនាស់ក្នុងស្រុកនិងស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ក៏ដូចជាពង្រឹងគំនិតប៉ុនប៉ងរបស់ភាគីហ្វីលីពីនដែលទទួលបានដោយខុសច្បាប់និងពង្រីកការផ្តួចផ្តើមខុសច្បាប់នៅសមុទ្រចិនខាងត្បូងផងដែរ។
ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវនិងជាប្រទេសជាប់មាត់សមុទ្រធំជាងគេនៃសមុទ្រចិនខាងត្បូង ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូងតាមរយៈការចរចានិងពិគ្រោះពិភាក្សាគ្នាជាមួយសាមីប្រទេសដោយផ្ទាល់ ទន្ទឹមនឹងនេះ ភាគីចិនបានត្រៀមលក្ខណៈគ្រប់គ្រាន់និងយល់ដឹងយ៉ាងច្បាស់លាស់ចំពោះទិសដៅដែលអាចកើតមាននៃវិវាទដែនសមុទ្រចិន-ហ្វីលីពីន និងបន្តគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិដែនសមុទ្ររបស់ខ្លួន។ ប្រសិនបើភាគីហ្វីលីពីននៅតែបន្តបង្កហេតុ នោះមុខជានឹងបង់ថ្លៃដ៏ឈឺចាប់ដែលគួរទទួលជាក់ជាមិនខាន។
ចំណែកប្រទេសនៅក្រៅតំបន់មួយចំនួនតូចដែលគាំទ្រហ្វីលីពីនបង្កហេតុនៅសមុទ្រចិនខាងត្បូង ពួកគេមិនដែលវាយតម្លៃចំពោះបញ្ហាសមុទ្រចិនខាងត្បូងដោយឈរលើមូលដ្ឋាននៃការបែងចែកខុសនិងត្រូវ និងប្រវត្តិសាស្ត្រនោះទេ បែរជាវាយប្រហារនិងលាបពណ៌លើគោលនយោបាយសមុទ្រចិនខាងត្បូងរបស់ប្រទេសចិនដោយ”ពាក់វ៉ែនតាពណ៌” និងប្រើប្រាស់”ស្តង់ដារពីរ”។ប៉ុន្តែ ពួកគេមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយបានដើរបញ្ច្រាសពីទិសដៅជាមួយនិងសេចក្តីប្រាថ្នារួមរបស់អាស៊ានដែលចង់បានសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងទៀតផង៕