រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្រោយប្រទេសនេះធ្លាក់ក្នុងចលាចល
វ៉ាស៊ីនតោន៖ បើយោងតាមមន្ត្រីអាម៉េរិក២នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយដ៍ អូស្ទីន បានលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនយោបាយក្នុងប្រទេសធ្លាក់ក្នុងភាពចលាចល ក្រោយលោកប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសប្រើច្បាប់អាជ្ញាសឹក និងលុបចោលវិញនៅប៉ុន្មានម៉ោងក្រោយមក។
មន្ត្រី អាម៉េរិកម្នាក់និយាយ ក្នុង លក្ខខណ្ឌ មិន បញ្ចេញឈ្មោះថា ការរៀបចំផែនការ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែដោយសារពេលវេលាមិនសក្ដិសម ដំណើរទស្សនកិច្ចត្រូវបានលុបចោលវិញ។ មន្ត្រី រូប នេះ បន្ថែមថា កូរ៉េខាងត្បូងត្រូវបានពិគ្រោះ យោបល់ទាក់ទងនឹងការផ្លាស់ប្តូរផែនការនៃការធ្វើដំណើរទស្សនកិច្ច។
លោក អូស្ទីន នឹងចុះចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ត្រាំ ចូលកាន់តំណែង។ គួរជម្រាបជូនថា សហរដ្ឋអាម៉េរិកមានទាហាន២៨៥០០នាក់ ឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង ។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន កាលពីថ្ងៃអង្គារទី៣ ខែធ្នូ បានស្វែងរកការបង្រួបបង្រួមអំណាច ហាមឃាត់សកម្មភាពនយោបាយ និងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកាសច្បាប់នេះបានបង្កឱ្យ មាន ការ ខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូងនិងក្ដីបារម្ភក្នុងចំណោម សម្ព័ន្ធមិត្ត អន្តរជាតិរបស់កូរ៉េខាងត្បូង។ យ៉ាងណា ច្បាប់អាជ្ញាសឹកនេះមានអាយុខ្លីណាស់ត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ក្រោយមានការអន្តរាគមន៍ភ្លាមៗពីប្រជាជននិងការបោះឆ្នោតប្រឆាំងពីសមាជិកសភា។
គួរបញ្ជាក់ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ នាំឱ្យរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ខណៈកៅអីប្រធានាធិបតីរបស់លោក យូន ស៊ុកយ៉ុល កំពុងឡើងកម្ដៅផងដែរ៕