បក្សប្រឆាំងកូរ៉េខាងត្បូង៖ សមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលព័ត៌មានជាច្រើនថា អាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី
សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ដោយផ្អែកលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ថាគណបក្សប្រឆាំងក៏នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូនេះ ផងដែរ។
លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបាននិយាយថាលោកប្រធានាធិបតី Yoon Suk Yeol គួរតែត្រូវបានព្យួរតំណែងឱ្យបានឆាប់ កាន់តែល្អ ខណៈមេដឹកនាំបក្សកាន់អំណាចរបស់លោក Yoon គឺលោក Han Dong-hoon ក៏បានបង្ហាញការគំាទ្រឱ្យព្យួរតំណែងដែរ ជាមួយការអំពាវនាវឱ្យលោក Yoon ចុះចេញពី តំណែង។ ប៉ុន្តែ លោក Han មិនបានជំរុញ ឬអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាមកពីគណបក្សរបស់លោកបោះឆ្នោតដកតំណែងលោក Yoon នោះទេ។
គួរបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅទូទាំងកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីលោក Yoon បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីទប់ស្កាត់នូវអ្វីដែលលោក ហៅថាជា «កងកម្លាំងប្រឆាំងរដ្ឋ»។ លោក Yoon បានដកច្បាប់អាជ្ញាសឹកនេះវិញកាលពីថ្ងៃពុធ ក្រោយមានការប្រឆាំងជំទាស់ពីសភា។ តែទោះដកច្បាប់នេះចេញវិញក៏ដោយ ក៏បក្សប្រឆាំង មិនអស់ចិត្តនោះដែរ ដោយពួកគេបានដាក់សំណើដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងលោក Yoon ទៅកាន់សភា ហើយការបោះឆ្នោតលើសំណើនេះនឹងត្រូវធ្វើឡើង នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ៕