មន្ត្រីជាន់ខ្ពស់ គ.ជ.អ.ប. បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ និងឧបករណ៍ឌីជីថល លើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម និងគំរូភូមិឆ្លាតវៃ
ភ្នំពេញ៖ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម និងគំរូភូមិឆ្លាតវៃ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ក្នុងគោលបំណង ៤ គឺ៖
១). ចែករំលែកគំរូភូមិឆ្លាតវៃ នៃសាកលវិទ្យាល័យមែលប៊ន (Melbourne University) ស្តីពីការធ្វើផែនការក្នុងស្រុក និងការអភិវឌ្ឍប្រកបដោយចីរភាព
២). ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ ២០២០-២០៣០
៣). កែលម្អការ ផ្តល់សេវាសាធារណៈ និងគោលនយោបាយអនុវត្តដោយផ្អែកលើភស្តុតាង
៤). បើកដំណើរការលទ្ធផល នៃការស្រាវជ្រាវរបស់អង្គការ API និងឧបករណ៍ឌីជីថលលើការអប់រំថវិកាមូលដ្ឋាន ការរៃអង្គាសប្រាក់ក្នុងស្រុក កៀរគរការគាំទ្រ និងប្រពន្ធ័គ្រប់គ្រងទិន្ន័យអនឡាញ។
សិក្ខាសាលានេះ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រធាន សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ វិស័យឯកជន អង្គការសហគមន៍មូលដ្ឋាន និងយុវជន ដែលនឹងចូលរួមតាមរយៈប្រព័ន្ធអនឡាញ សរុបប្រមាណ២០០នាក់៕