មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ នៅក្នុងខេត្តចំនួនពីរ
ភ្នំពេញ៖ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ អេង ជាសាន នៅថ្ងៃទី៤ ដល់ ៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មត្រួតពិនិត្យ តាមដានដំណើរការរបស់សត្តឃាតដ្ឋាន និងកសិដ្ឋានចិញ្ចឹមសត្វនៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ និងមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង រួមទាំងការិយាល័យជំនាញ តាមរយៈការសហការជាមួយអភិបាល នៃគណអភិបាលស្រុក។
លទ្ធផលនៃដំណើរចុះពិនិត្យជាក់ស្តែង លើទីតាំងសត្តឃាតដ្ឋានទាំងមូល បង្ហាញថា សត្តឃាតដ្ឋានស្ថិតនៅលើទីតាំងមួយសមស្រប នៅឆ្ងាយពីសាលារៀន មន្ទីរពេទ្យ វត្តអារាម ទីសាធារណៈ បឹង ស្ទឹង ទន្លេ ឬប្រភពទឹកនានា ដែលមនុស្ស ឬសត្វប្រើប្រាស់ជាប្រក្រតី ស្របនឹងប្រការ២ ប្រកាស ២២៥ ប្រក.កសក អនុក្រឹត្យ ១០៨ អនក្រ.បក។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋលេខាធិការ ពិនិត្យឃើញថា ទីសត្តឃាតដ្ឋាននៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារឱ្យជួសជុលកែលម្អ ទើប អាចបន្តសុពលភាពទៅមុខទៀតបាន ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យានានា ស្របតាមគោលការណ៍ច្បាប់សុខភាពសត្វ និងផលិតកកម្មសត្វ និងបទដ្ឋានគតិយុត្ត ដូចមានចែងក្នុងអនុក្រឹត្យលេខ១០៨ អនក្រ.បក និងប្រកាសពាក់ព័ន្ធជាធរមាន។
ក្រោយពីទទួលបានការណែនាំពីជំនាញ និងអាជ្ញាធរថ្នាក់ស្រុក ម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមកែលម្អតាមការណែនាំ ដែលបានកំណត់រយៈពេល ពី៣០ថ្ងៃ ដល់៩០ថ្ងៃ រួមមាន រៀបចំដែកភ្ជួរសាច់នៅរោងពិឃាត (ដែកអ៊ីណុក) កាយកាកសំណល់ឱ្យឆ្ងាយពីកម្រាលសាបពិឃាត ធ្វើឡដុតកម្ទេចកាកសំណល់ឱ្យបានត្រឹមត្រូវ និងរៀបចំបិតការ៉ូផ្ទៃចង្រ្កានខាងលើ និងបញ្ឈរនៃចង្ក្រានដោយប្រើការ៉ូមិនរអិលនិងមានពណ៌ស ប្តូរការ៉ូទៅជាពណ៌សត្រង់កន្លែងពន្លះសាច់នៅមុខរោងពិឃាត និងធ្វើអនាម័យសត្តឃាតដ្ឋានឱ្យបានស្អាតជាប្រចាំ ដើម្បីអនាម័យ សុវត្ថិភាព ជូនអ្នកបរិភោគ៕