ឯកឧត្តម អឿង ចន្ថា ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារ របស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងាររបស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ព្រមទាំងលោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន សរុបចំនួន ៣០រូប។
ឯកឧត្ដមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំសម្រេចបានរួមមាន៖ ទី១)ការពិនិត្យ និងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហាប្រឈម និងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ ទី២)ការពិភាក្សាពីវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពការងារអាទិភាពមួយចំនួនសម្រាប់ឆ្នាំ២០២៥ និងទី៣)កាធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហាប្រឈម និងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស។
នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសទាំងអស់ត្រូវសហការ និងខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងគោរពរាយការណ៍ពីវឌ្ឍនភាពការងារប្រចាំឆ្នាំជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖ នាយកដ្ឋានគ្រប់គ្រងនិងអភិរក្សធនធានទឹក នាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ នាយកដ្ឋានឧតុនិយម នាយកដ្ឋានធារាសាស្រ្តកសិកម្ម នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងនាយកដ្ឋានទឹកស្អាតនិងអនាម័យ៕