មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញរៀបរាប់លម្អិត លើការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ជូនតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដែលកំពុងដំណើរការ ក្រសួងមុខងារសាធារណៈ រៀបចំបទបង្ហាញ និងវេទិកាពិភាក្សាសំណួរ ចម្លើយលើប្រធានបទចំនួន៣ រួមមាន៖ (១) ការរៀបរាប់លម្អិតពីដំណាក់កាលនីមួយៗ នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងដឹកនាំរៀបចំ (២) ការរៀបចំកែលម្អប្រព័ន្ធការងារមន្ត្រីពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (មន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយទម្រង់ទាំងពីរនេះត្រូវដើរទន្ទឹមគ្នា និង (៣) ការកំណត់ និងការពិពណ៌នាមុខតំណែង។ បទបង្ហាញទាំងនេះ ធ្វើឡើងដោយវាគ្មិន ៣រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ។
សូមជម្រាបថា នារសៀលនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៅខេត្តមណ្ឌលគិរី៕