ប៉ារ៉ាហ្គាយបណ្ដេញបេសកជនចិនចេញពីប្រទេស ជុំវិញការជ្រៀតជ្រែកលើទំនាក់ទំនងជាមួយតៃវ៉ាន់
អាសង់ស្យុង៖ ប៉ារ៉ាហ្គាយបានលុបចោលទិដ្ឋាការអ្នកការទូតចិន ហើយបានបញ្ជាឱ្យបេសកជនរូបនេះចាកចេញពីប្រទេសខ្លួន បន្ទាប់ពីរូបគេបានបង្ហាញសកម្មភាពលួងលោមសមាជិកសភាឱ្យពិចារណាឡើងវិញនូវទំនាក់ទំនងមិត្តភាពរបស់ប៉ារ៉ាហ្គាយជាមួយតៃវ៉ាន់។
ក្រសួងការបរទេសប៉ារ៉ាហ្គាយ បានចោទប្រកាន់បេសកជនចិន លោក ស៊ូ វ៉ី (Xu Wei) ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ខណៈស្ថានទូតតៃវ៉ាន់ប្រចាំរដ្ឋធានីអាសង់ស្យុង ចោទប្រកាន់លោក ស៊ូ ថាបានជ្រៀតចូលប្រទេសប៉ារ៉ាហ្គាយ ដើម្បីព្យាយាមធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយតៃវ៉ាន់។
ក្រសួងមិនបានបញ្ជាក់ពីសកម្មភាពជ្រៀតជ្រែករបស់លោក ស៊ូ នោះទេ ប៉ុន្តែបានអះអាងថា លោកបានរំលោភលើលក្ខខណ្ឌនៃទិដ្ឋាការរបស់ខ្លួន បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយជាផ្នែកមួយនៃក្រុមចិនសម្រាប់កិច្ចប្រជុំរបស់អង្គការយូណេស្កូ។
លោក ស៊ូ ត្រូវ បាន ផ្តល់ ពេល២៤ម៉ោង ដើម្បី ចាក ចេញ ពី ប្រទេសនេះ។ នៅក្នុងការអត្ថាធិប្បាយមួយបានកត់ត្រានៅសភាប៉ារ៉ាហ្គាយ លោក ស៊ូ បានជំរុញឱ្យប្រទេសប៉ារ៉ាហ្គាយទទួលស្គាល់ការអះអាងរបស់ប្រទេសចិន លើកោះតៃវ៉ាន់ ដោយនិយាយថា ជម្រើសនេះនឹងផ្តល់ផលប្រយោជន៍ដល់ប៉ារ៉ាហ្គាយ។ លោក បាន អត្ថាធិប្បាយបែប នេះ បន្ទាប់ ពី បាន ជួប ជាមួយ តំណាង រាស្ត្រ គណបក្ស ប្រឆាំង ពីរ រូបដែលមានទស្សនគាំទ្រ ចិន។
លោក ស៊ូ បាន និយាយ ថា ៖« ការ មាន ទំនាក់ទំនង ការទូត ជាមួយ ប្រទេស ចិន អ្នក អាច រក ប្រាក់ ចំណូល បាន ច្រើន សន្សំ បាន ច្រើន បន្ថយ ការ ចំណាយ របស់ អ្នក ។ គោលបំណងរបស់ខ្ញុំនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្សព្វផ្សាយអំពីសាធារណរដ្ឋប្រជាមានិតចិន»។ លោកបានបន្ថែមថា ប៉ារ៉ាហ្គាយត្រូវតែជ្រើសរើសរវាងចិន និងតៃវ៉ាន់។
ការគាំទ្រការទូតដ៏យូរអង្វែងរបស់ប៉ារ៉ាហ្គាយសម្រាប់តៃវ៉ាន់ បានរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់កសិករក្នុងស្រុកទៅកាន់ប្រទេសចិន ហើយប៉ារ៉ាហ្គាយ គឺជាប្រទេសតែមួយគត់នៅអាម៉េរិកខាងត្បូងដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន តែទីក្រុងតៃប៉ិបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់រដ្ឋធានីប៉េកាំង ដោយអះអាងថា មានតែប្រជាជននៃកោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕