ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់អគារ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងការដ្ឋានសាងសង់ អាគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុង បរិវេណ ក្រសួងធនធានទឹក និង ឧតុនិយម។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហការ ដ៏ជិតស្និទ្ធ ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារឧតុនិយមអន្តរជាតិ បារាំង និង វិទ្យាស្ថានបច្ចេកវិទ្យា អាស៊ី ព្រមទាំង បណ្តាប្រទេសជាច្រើនទៀតនៅលើ ពិភពលោក ជាពិសេស ប្រទេសជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បាន បញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលជាតិដ៏មានសារសំខាន់មួយនេះគឺ ជាសសរស្តម្ភ របស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយឧត្តមភាព ធ្វើការបញ្ជាទឹកនិងប្រើប្រាស់ទឹក និងធ្វើកិច្ចការព្យាករណ៍គ្រប់ប្រភេទ សម្រាប់បំពេញ តម្រូវការលើគ្រប់វិស័យ ប្រកបដោយភាពប្រាកដប្រជា និងមានឯករាជ្យភាព។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រង ទិន្នន័យធនធានទឹក មានសំណង់អគារកម្ពស់ ៥ជាន់ រចនាឡើងដោយរួមបញ្ចូល នូវគោលគំនិត បរិស្ថានបៃតង ស្របតាម បរិបទនៃ ការប្រែប្រួលអាកាសធាតុជាសកល។ ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺក្នុងគោលបំណង ដើម្បីបម្រើឱ្យការគ្រប់គ្រង ប្រមូល រក្សា និងវិភាគទិន្នន័យ និងផ្តល់ព័ត៌មានអំពីទិន្នន័យទឹកភ្លៀងជលសាស្ត្រ និង ឧតុនិយម ប្រកបដោយប្រសិទ្ធភាពស្ថិរភាពនិងសុវត្ថិភាព៕