លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ
ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាអនុគណៈកម្មការចំណុះ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើដំណើរការរៀបចំការងារដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
អង្គប្រជុំបានពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ រយៈពេលនៃការរៀបចំពិធីសន្និបាត ការសម្របសម្រួលលើចំនួន និងរយៈពេលនៃបទអន្តរាគមន៍នីមួយៗ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ព្រមទាំងការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ និងការត្រៀមនូវបច្ចេកទេសផ្សេងៗសម្រាប់កម្មវិធីសន្និបាតនាឱកាសនោះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្ត និងបានផ្តាំផ្ញើឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រេចបញ្ចប់ភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ និងឆាប់រហ័សតាមផែនការដែលបានកំណត់ ដើម្បីគោរពជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យសម្រេចលើការរៀបចំសន្និបាតនេះ៕