សម្តេចធិបតី៖ សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំ ចុងក្រោយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និង សិទ្ធិសេរីភាពរបស់បងប្អូនឥស្លាម៕