លេចឡើងជំងឺអាថ៌កំបាំងនៅកុងហ្គោ ខណៈអង្គការសុខភាពពិភពលោក បញ្ជូនអ្នកជំនាញទៅជួយធ្វើរោគវិនិច្ឆ័យ
ប៊ែរឡាំង៖ អង្គការសុខភាពពិភពលោកឬហៅកាត់ជាភាសាអង់គ្លេសថា WHO បានបញ្ជាក់នៅថ្ងៃសុក្រទី៦ ខែធ្នូថា ខ្លួនដាក់ពង្រាយអ្នកជំនាញដើម្បីជួយដល់អាជ្ញាធរសុខាភិបាលក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីស៊ើបអង្កេតជំងឺដែលមិនទាន់មានរោគវិនិច្ឆ័យទាក់ទងនឹងការស្លាប់ជាច្រើននៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសនេះ។
អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុង Panzi ក្នុងខេត្ត Kwango ភាគនិរតី ជាកន្លែងដែលពួកគេនឹងផ្តល់ថ្នាំសំខាន់ៗ និងឧបករណ៍វិភាគរោគ ដើម្បីជួយវិភាគរកមូលហេតុនៃជំងឺ។ WHO បានបញ្ជាក់ថា ការធ្វើតេស្តមន្ទីរពិសោធន៍កំពុងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុ ដោយបន្ថែមថាខ្លួននឹងចែករំលែកព័ត៌មានបន្ថែមនៅពេលមាន។
លោកស្រី ម៉ាតស៊ីឌីសូ មឿធី (Matshidiso Moeti) នាយកប្រចាំទ្វីបអាហ្រ្វិករបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖«អាទិភាពរបស់យើងគឺផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់គ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់។ កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃជំងឺ ស្វែងយល់ពីវិធីនៃការចម្លងរបស់វា និងធានាឱ្យមានការឆ្លើយតបសមស្របឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
WHO បានឱ្យដឹងថា រហូតមកដល់ពេលនេះមានករណីឆ្លងចំនួន៣៩៤ ករណី និងការស្លាប់ចំនួន៣០ នាក់ត្រូវបានរាយការណ៍មកក្នុងទីក្រុង Panzi ដោយដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលសាធារណៈនៃប្រទេសកុងហ្គោ។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្នុងតំបន់បាននិយាយថា ជំងឺមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្ស១៤៣ នាក់នៅក្នុងតំបន់ក្នុងខែវិច្ឆិកា។ រោគសញ្ញានៃជំងឺរួមមាន ឈឺក្បាល ក្អក ក្ដៅខ្លួន ពិបាកដកដង្ហើម និងភាពស្លេកស្លាំង៕