អ្នកនេសាទថៃ ៤នាក់ ដែលមីយ៉ាន់ម៉ា ឃាត់ខ្លួន ត្រូវបានដោះលែង ហើយរំពឹងថា នឹងត្រលប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ
បាងកក៖ ក្រសួងការបរទេសថៃ បានបង្ហាញនៅថ្ងៃសុក្រទី៦ ខែធ្នូថា អ្នកនេសាទថៃ ៤នាក់ ដែលមីយ៉ាន់ម៉ា ឃាត់ខ្លួន ត្រូវបានដោះលែង ហើយរំពឹងថានឹងត្រលប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីឧប្បត្តិហេតុមួយ កាលពីចុងសប្តាហ៍មុន នៅពេលដែលកងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបាញ់ប្រហារលើទូកនេសាទថៃ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីខនដេច បាឡានគូរ៉ា (Nikorndej Balankura) បានប្រាប់សន្និសីទសារព័ត៌មានថា មន្ត្រីថៃកំពុងស្ថិតនៅច្រកព្រំដែន ដើម្បីរៀបចំទទួលជនជាតិថៃ។ គួររំឭកថា ទូកនេសាទថៃ២ គ្រឿងក្នុងចំណោម១៥គ្រឿងត្រូវរងការបាញ់ប្រហារ នៅពេលពួកគេស្ថិតនៅចម្ងាយ ៧,៤ ទៅ១០,៦គីឡូម៉ែត្រ ក្នុងដែនទឹករបស់មីយ៉ាន់ម៉ា ក្បែរខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ។
អ្នកនេសាទម្នាក់បានលង់ទឹកស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ហើយកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានឃាត់ខ្លួនសមាជិកនាវិកចំនួន ៣១ នាក់នៃទូកនេសាទ រួមទាំងជនជាតិថៃ ៤ នាក់ផងដែរ។
ចំពោះទូកនេសាទដែលរឹបអូសនោះ អាជ្ញាធរថៃនឹងសម្របសម្រួលជាមួយសមភាគីមីយ៉ាន់ម៉ា ដើម្បីស្នើសុំត្រឡប់មកវិញ។ យោងតាមរដ្ឋមន្ត្រីការពារជាតិថៃ រាជរដ្ឋាភិបាលនៅតែកំពុងប្រមូលអង្គហេតុពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ហើយនឹងតវ៉ាប្រសិនបើអាជ្ញាធរមីយ៉ាន់ម៉ាត្រូវបានរកឃើញថាមានប្រតិកម្មហួសហេតុ៕