EU មិនទាន់អាចឯកភាពគ្នា ក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ លើប្រទេសរុស្ស៉ី
ព្រុចសែល៖ ក្រុមអ្នកតំណាងនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានទទួលបរាជ័យ កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ក្នុងការអនុម័តលើកញ្ចប់ទណ្ឌកម្មទី១៥ ប្រឆាំងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអ្នកការទូតបានប្រាប់ថា ប្រទេសសមាជិកចំនួន២ បានរារាំងការអនុម័តកញ្ចប់ទណ្ឌកម្មខាងលើ ដោយសារតែការខ្វែងគំនិតគ្នាអំពី ការផ្តល់ពេលវេលាបន្ថែម ឱ្យក្រុមហ៊ុនអឺរ៉ុប កាត់ផ្តាច់ការវិនិយោគរបស់ពួកគេ ចេញពីប្រទេសរុស្ស៉ី ប៉ុន្តែ EU នឹងជួបជុំគ្នាសាជាថ្មី ដើម្បីសម្រេចម្តងទៀត លើកញ្ចប់ទណ្ឌកម្មដដែលនោះ នាពេលក្រោយ។ កញ្ចប់ទណ្ឌកម្ម ក៏រួមមានការដាក់ទណ្ឌកម្ម លើកប៉ាល់ដែលដឹកប្រេងរុស្ស៉ីផងដែរ។
នៅក្នុងកញ្ចប់ទណ្ឌកម្ម គឺការជជែកដេញដោល អំពីការពន្យារពេលបន្ថែមទៀត សម្រាប់ការលើកលែងមួយរបស់ EU ដែលអនុញ្ញាតឱ្យសាធារណរដ្ឋឆែក បន្តនាំចូលប្រេងម៉ាស៊ូត និងផលិតដទៃទៀត ដែលមានប្រភពចេញពីប្រេងឆៅរុស្ស៉ី និងដែលផលិតដោយរោងចក្រចម្រាញ់របស់ស្លូវ៉ាគី។
សូមបញ្ជាក់ថា EU ដែលមានសមាជិក ២៧ប្រទេស បានដាក់បម្រាមលើផលិតផលប្រេងភាគច្រើនរបស់រុស្ស៉ី ក្រោយសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០២២។ ប៉ុន្តែឆែក ស្លូវ៉ាគី និងហុងគ្រី ទទួលបានការលើកលែងពិសេស ក្នុងទណ្ឌកម្មដែល EU បានដាក់ទៅលើរុស្ស៉ី ដោយសារតែបញ្ហាខ្វះប្រភពផ្គត់ផ្គង់ផ្សេងទៀត។ ទោះជាបែបនេះក៏ដោយ សាធារណរដ្ឋឆែក បាននិងកំពុងដំឡើងសមត្ថភាពបំពង់បង្ហូរប្រេង ពីអ៉ីតាលីទៅអាល្លឺម៉ង់ ដើម្បីអាចដឹកជញ្ជូនប្រេងបានច្រើនជាងមុន តាមច្រកផ្លូវនោះវិញ ហើយកាត់បន្ថយការពឹងផ្អែកឱ្យបានទាំងស្រុងលើប្រេងឆៅរុស្ស៉ី នៅអំឡុងឆមាសទី២ នៃឆ្នាំ២០២៥។