អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ និងនាឡិកា
ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេជ្រ សេដ្ឋាមុន្នី ភេទស្រី អាយុ ៣២ឆ្នាំ មានអាសយដ្ឋានភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីចោរលួចម៉ូតូ និងនាឡិកា ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់មកនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះបាននាំជនសង្ស័យចំនួន០២នាក់ ឈ្មោះ ថៃ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ អុក ប្រុសពៅ ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងរកឃើញនាឡិកាដៃ ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿងវិញផងដែរ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឱ្យសមត្ថកិច្ចសួរនាំតាមនីតីវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេមានគ្នា៣នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងនាឡិការបស់ជនរងគ្រោះពិតប្រាកមែន ចំពោះម៉ូតូបក្សពួករបស់ខ្លួនឈ្មោះ ម៉ែន ភេទប្រុស បានយកទៅលក់ហើយយកលុយមកចែកគ្នាចាយអស់ ហើយឈ្មោះ ម៉ែន មិនដឹងគេចខ្លួនទៅណាទេ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង ទើបកម្លាំងជំនាយមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកឈ្មោះ ម៉ែន សមត្ថកិច្ចស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕