ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃសោរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារការពារច្រាំងទន្លេដែលប្រឈមនឹងការបាក់ស្រុតនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារដែលសម្រេចបានដូចខាងក្រោម៖
១).ការងារការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវប្រភេទGeotextile បាញ់ខ្សាច់បញ្ចូល ប្រវែង ១៣២៥ម៉ែត្រ ស្ថិតនៅភូមិក្រូចឆ្មារលើ និងភូមិដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃនេះសម្រេចបាន១០០%។
២).ការងារការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ប្រវែង ១១៨០ម៉ែត្រ ស្ថិតនៅភូមិ៥ និងភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៧០% ដែលការងារនេះគ្រោងនឹងបញ្ចប់នៅអំឡុងខែមករា ឆ្នាំ២០២៥ខាងមុខ។
៣).ការងារការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៦៥% ដែលការងារនេះគ្រោងនឹងបញ្ចប់នៅអំឡុងខែមករា ឆ្នាំ២០២៥ខាងមុខ ៕