លោក ដូណាល់ ត្រាំ ថានឹងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ ចេញពីអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំ ប៉ុន្តែលោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍ដែលបានមកសហរដ្ឋអាម៉េរិកតាំងពីវ័យកុមារ។ នេះបើតាមលោកបាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយនៅថ្ងៃអាទិត្យទី៨ ខែធ្នូនៅលើទូរទស្សន៍ NBC News។
លោក ត្រាំ បានរាយរាប់ថា លោកគ្រោងនឹងចាត់វិធានការប្រតិបត្តិនៅថ្ងៃដំបូងរបស់លោកក្នុងការកាន់តំណែង ដើម្បីព្យាយាមបញ្ចប់សិទ្ធិជាពលរដ្ឋពីកំណើត ដែលផ្តល់សញ្ជាតិដល់នរណាម្នាក់ដែលកើតនៅក្នុងសហរដ្ឋអាម៉េរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ឪពុកម្តាយរបស់ពួកគេ។
នៅក្នុងបទសម្ភាសរបស់ទូរទស្សន៍ NBC News លោក ត្រាំ ត្រូវបានសួរថាតើផែនការរបស់គាត់គឺដើម្បីនិរទេសមនុស្សគ្រប់រូបដែលគ្មានឋានៈស្របច្បាប់ឬយ៉ាងណា? លោកបានឆ្លើយថា៖«ខ្ញុំគិតថា យើងត្រូវតែធ្វើវា។ វាជារឿងពិបាកធ្វើណាស់។ អ្នកដឹងហើយថា ប្រទេសយើងមានច្បាប់និងមានបទប្បញ្ញត្តិ»។ លោក ត្រាំ បន្តថា លោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍ដែលមកសហរដ្ឋអាម៉េរិកដោយខុសច្បាប់តាំងពីវ័យកុមារ។
ក្រុមប្រឹក្សាអន្តោប្រវេសន៍អាមេរិកដែលគាំទ្រផ្នែកអន្តោប្រវេសន៍បានប៉ាន់ប្រមាណថាការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាម៉េរិកក្នុងរយៈពេលជាងមួយទសវត្សរ៍នឹងត្រូវចំណាយអស់៨៨ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិកបានប៉ាន់ប្រមាណថាមានជនអន្តោប្រវេសន៍ប្រមាណ១១លាននាក់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់គិតត្រឹមខែមករាឆ្នាំ ២០២២ ខណៈតួលេខនេះទំនងជាខ្ពស់ជាងនេះ។
គួររំឭកថា ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីឆ្នាំ២០១៧ ដល់២០២១ លោក ត្រាំ បានព្យាយាមបញ្ចប់កម្មវិធីដែលផ្តល់ជំនួយក្នុងការនិរទេស និងលិខិតអនុញ្ញាតការងារដល់ជនអន្តោប្រវេសន៍ ប៉ុន្តែត្រូវបានបដិសេធដោយតុលាការកំពូល។