ម៉ូតូចំនួន២គ្រឿង ដែលបានបាត់ជាងមួយខែមុន ត្រូវបានប្រគល់ជូនម្ចាស់វិញ ប្រកបដោយស្នាមញញឹម
ភ្នំពេញ៖ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លើករណីបាត់ម៉ូតូ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបើកការអង្កេត ស្រាវជ្រាវបន្ទាន់ នឹងក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួន ព្រមទាំងទៅយកម៉ូតូបានមកវិញ ពីខេត្តរតនគិរី។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរឯកឧត្តមព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងអង្កេត ស្រាវជ្រាវ និងពន្លាតនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានយកម៉ូតូមកប្រគល់ជូនប្រជាពលរដ្ឋវិញ ដោយសុវត្ថិភាព ៕