អ៊ីស្រាអែល បញ្ជាឱ្យយោធាវាយដណ្តើមយកតំបន់ទ្រនាប់ ព្រំដែនស៊ីរី
ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យយោធាដណ្តើមយកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរំលំប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ (Bashar al-Assad)។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា កិច្ចព្រមព្រៀងផ្តាច់ទំនាក់ទំនងរយៈពេល៥០ឆ្នាំរវាងប្រទេសទាំងពីរបានដួលរលំ ហើយកងកម្លាំងស៊ីរីបានបោះបង់ចោលទីតាំងរបស់ពួកគេ។
លោកបានបញ្ជាក់ថា លោកបានបញ្ជាយោធាអ៊ីស្រាអែលឱ្យដណ្តើមយកតំបន់ទ្រនាប់ និងទីតាំងបញ្ជាការនៅក្បែរនោះ។ យើងនឹងមិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយបង្កើតខ្លួននៅព្រំដែនរបស់យើងឡើយ។ សេចក្តីថ្លែងការណ៍យោធាបានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសស៊ីរី យោធាអ៊ីស្រាអែលបានដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ទ្រនាប់ និងនៅកន្លែងផ្សេងទៀតដែលចាំបាច់សម្រាប់ការការពាររបស់ខ្លួន ដើម្បីធានាសុវត្ថិភាពសហគមន៍នៃតំបន់ Golan Heights និងពលរដ្ឋអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បន្ថែមថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការដើម្បីការពារប្រទេស ដោយសង្កត់ធ្ងន់ថា យោធាអ៊ីស្រាអែលមិនជ្រៀតជ្រែកក្នុងព្រឹត្តិការណ៍ផ្ទៃក្នុងស៊ីរីទេ។
យោធាអ៊ីស្រាអែលក៏បានដាក់បម្រាមគោចរសម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន៥ របស់ស៊ីរី នៅក្នុងតំបន់ទ្រនាប់គ្មានយោធា។ នៅឆ្នាំ១៩៧៤ តំបន់ទ្រនាប់ត្រូវបានបង្កើតឡើង ដោយបំបែកទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែល និងស៊ីរី ដោយមានកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឈរជើងនៅទីនោះតាំងពីពេលនោះមក។ វាជាលើកទីមួយហើយដែលទាហានអ៊ីស្រាអែលនឹងឈរជើងក្នុងតំបន់ទ្រនាប់នេះ។