ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមក្នុងវិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីថា្នក់ជាតិ និងក្រោមជាតិរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព នៅលើបណ្តាញសង្គម តាមរយៈបច្ចេកទេសនៃការសរសរអត្ថបទ ការប្រើប្រាស់រូបភាព ការចុះផ្សាយ និងវិធានការសុវត្ថិភាពបច្ចេកវិទ្យា។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាវគ្គបណ្តុះបណ្តាលកម្រិត២ ដែលមានគោលបំណងជាចម្បងក្នុងការបញ្ជ្រាបការយល់ដឹង និងបង្កើនសមត្ថភាពបន្ថែមលើបច្ចេកទេស និងគន្លិះថ្មីសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លើយតមទៅនឹងការវិវឌ្ឍនៃសកលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសង្គម ជូនដល់មន្រ្តីបង្គោលរបស់យើងដែលទទួលបន្ទុកលើការងារគ្រប់គ្រងការផ្សព្វផ្សាយនៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាធានី ខេត្តទាំង ២៥។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី២ ទៅដល់ជនបង្គោលទទួលបន្ទុកទំនាក់ទំនងសាធារណៈ ដែលវគ្គទី១ បានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ៕