ឯកឧត្តម ចាន់ ស៊ីណាត ជួបប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), IFAD និង GCF
ភ្នំពេញ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF) នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួង ប្រធាន អនុប្រធាននាយកដ្ឋានមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរងនៃគណៈអភិបាលខេត្តពាក់ព័ន្ធ ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ព្រមទាំងសហការីជាតិនិងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព(CAISAR) ដែលគ្របដណ្តប់លើបណ្តាខេត្តដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ គម្រោងនេះបានទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF) ព្រមទាំងទទួលបាននូវកិច្ចសហការដ៏ជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕