សម្តេចនាយករដ្ឋមន្ត្រី៖ កូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ជាមួយកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់សង្គ្រាមស៊ីវិលដូចគ្នា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ជាមួយប្រទេសកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់សង្គ្រាមស៊ីវិលដូចគ្នា។
ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្ដម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីមានប្រសាសន៍ថា «កូរ៉េ គាត់មនោសញ្ចេតនាជាមួយកម្ពុជា ដោយសារកូរ៉េ គាត់ធ្លាប់ឆ្លងកាត់ នៃសង្គ្រាមស៊ីវិលដូចគ្នា ។ គាត់តែនិយាយពីឆ្នាំ ៥០ជាងមក ប្រទេសងើបពីសង្គ្រាម គាត់អាចរំលែក គាត់យប់ពីកម្ពុជា ហើយឃើញកម្ពុជាងើបពីសង្គ្រាម ហើយកសាងប្រទេស អញ្ចឹងមានមនោសញ្ចេតនា»។
សម្តេចធិបតីបន្ដថា កូរ៉េ មិនត្រឹមតែជួយកម្ពុជា ក្នុងកម្រិតវិនិយោគនោះទេ ប៉ុន្ដែ កូរ៉េ ជួយទាំងផ្នែកមនុស្សធម៌ ព្រមទាំងការជួយផ្សេងៗទៀត មកដល់ប្រទេសកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ បានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕