សម្តេចធិបតី៖ ធនធានមនុស្សគឺជា កត្តាអាទិភាពធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជា កត្តាអាទិភាពធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ។
ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្ដម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីបន្តថា សេវាសុខាភិបាលគឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ មិនថាពួកគាត់នៅទីណានោះទេ គឺពួកគាត់ត្រូវការខ្លាំងបំផុតគឺសុខភាព ដូច្នេះសេវា កម្មបម្រើសុខភាពជូនពួកគាត់គឺជាកត្តាចាំបាច់បំផុត។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាង ខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ៕