សម្តេចធិបតីប្រកាសថា រាជរដ្ឋាភិបាលនឹងពង្រីកគ្របដណ្តប់វិសាលភាពផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺឱ្យគ្រប់ច្រកល្ហកទាំងអស់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកគ្របដណ្តប់វិសាលភាពផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺឱ្យគ្រប់ច្រកល្ហកទាំងអស់ ខណៈ រាជរដ្ឋាភិបាលបានចាត់ទុក មនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រូសារ និងសង្គមជាតិ។
ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្ដម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងថា ក្នុងរយៈពេលជាង១៥ខែក្រោយរាជរដ្ឋា ភិបាលអាណត្តិទី៧កើតឡើង គឺរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពសុខាភិបាលបានកាន់តែច្រើន ហើយ រាជរដ្ឋាភិបាលនឹងខិតខំពង្រីកគុណភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចធិបតី បន្ថែមទៀតថា សេវាសុខាភិបាលគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនថាពួកគាត់នៅទីណានោះទេ គឺពួកគាត់ត្រូវការខ្លាំងបំផុតគឺសុខភាពនេះឯង ដោយត្រូវបង្ការ និងព្យាបាលឲ្យបានទាន់ពេលវេលា ដូច្នេះសេវាកម្មបម្រើសុខភាពជូនពួកគាត់គឺជាកត្តាចាំបាច់បំផុត ទាំងគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌៕