សម្តេចធិបតី ណែនាំឱ្យគិតគូរពីការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ គិតគូរពីការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែម។
ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការ ដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតី បានណែនាំឱ្យរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថាន សុខាភិបាលឯកជន អនុវត្តន៍ឱ្យបានត្រឹមត្រូវលក្ខខណ្ឌសេវា និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើឱ្យមានការបណ្តុះបណ្តាលមានគុណភាព។
ជាមួយគ្នានេះសម្តេចធិបតី ក៏បានណែនាំក្រសួងសុខាភិបាល និង វិស័យឯកជនក្នុងវិស័យសុខាភិបាល ត្រូវបន្តធ្វើការកែ ទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈបន្តអភិវឌ្ឍ និង ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល៕