សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្ត ចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬ អតិថិជន រៀបចំនិង អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត។
ការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការ ដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតី បន្ថែមថា ទន្ទឹមនេះត្រូវលើកកម្ពស់ភាពឆ្លើយតប និង គណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់ អ្នកជំងឺ និង សាធារណជន, តាមរយៈការអនុវត្តយន្តការ សម្រាប់ទទួលព័ត៌មានត្រឡប់ ឬការត្អូញត្អែររបស់អ្នកជំងឺ នៅមូលដ្ឋានសុខាភិបាល និង ធ្វើការដោះស្រាយទាន់ពេល ត្រឹមត្រូវតាមស្មារតីវិជ្ជាជីវៈ។
ជាមួយគ្នានេះសម្តេចធិបតី ក៏បានណែនាំថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកបណ្ដុះនូវ នវា នុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍ សមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្រ បង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន៕