រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ គម្រោងសម្ព័ន្ធមេត្រីភាព Twinning ជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់ EU ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយជាមួយសហភាពអឺរ៉ុប (European Union) ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពី ការប្រកាសឱ្យអនុវត្តគម្រោងសម្ព័ន្ធមេត្រីភាព «Twinning» លើកំណែទម្រង់ការអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោក Bryan Fornari ,ប្រធាន នៃកិច្ចសហប្រតិបត្តិការ EU Delegation ,ប្រតិភូតំណាងប្រទេសសមាជិក EU និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួនប្រមាណ ៤០នាក់។
កិច្ចពិភាក្សានេះប្រព្រឹត្តិទៅក្រោមរបៀបវារៈចំនួន ២ ដែល ទី១ គឺ ការអនុវត្តគម្រោងកំណែទម្រង់ការអប់រំបច្ចេកទេស សម្ព័ន្ធមេត្រីភាពកម្ពុជា-សហភាពអឺរ៉ុប ដោយបានពិនិត្យ និងយល់ព្រមលើវឌ្ឍនភាពការងារក្នុងត្រីមាសទី១ ឆ្នាំទី១ និង ការពិនិត្យផ្ទៀងផ្ទាត់លើវឌ្ឍនភាពសំខាន់ៗ នៃគម្រោងដែលបានអនុវត្តរួមគ្នាកន្លងមក និង ទី២ គឺ ការអនុវត្តកម្មវិធី «ភាពជាដៃគូបរិវត្តកម្មការអប់រំបច្ចេកទេសកម្ពុជា -សហភាពអឺរ៉ុប ២០២៤-២០២៧»។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះគឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចសម្រិតសម្រាំងប្រព័ន្ធអប់រំឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេសដូចទៅនឹងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល សមត្ថភាពរបស់សិស្សានុសិស្សកម្ពូជាឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបដែលបានចូលរួមចំណែកជំរុញការអភិវឌ្ឍនៅកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់វិស័យអប់រំ ដោយបានរំលេចឡើងអំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាននាពេលកន្លងមកក្នុងភាពជាដៃគូជាមួយ EU និងរំលឹកឡើងវិញអំពីគម្រោង The Global Gateway of EU-Cambodia Education Partnership ដែលបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៤ ដែលផ្តោតលើការងារបៃតង និងឌីជីថល បាននាំមកនូវការវិនិយោគដើម្បីបណ្តុះបណ្ដាលអ្នកបច្ចេកទេសកម្រិតមធ្យមដល់កម្រិតខ្ពស់ ឆ្លើយតបទៅនឹងតម្រូវធនធានមនុស្សដែលចាំបាច់សម្រាប់ការអនុវត្តគោលនយោបាយឧស្សាហកម្មក្នុងរយៈពេលខ្លី មធ្យម និងវែង ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។
គួរបញ្ចាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស៕