អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគអាមេរិក ១៦ក្រុមហ៊ុន ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគរបស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាមេរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះបានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនដែលចូលរួមទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។
ក្នុងនោះ លោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរបេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា៕