ក្រុមហ៊ុន CCECC បង្ហាញគោលបំណង ក្នុងការចូលរួមវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Sun Xiangchun អនុប្រធានក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ស្ថានភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងក្បោះក្បាយក្នុងឱកាសនៃជំនួបនេះ។
ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីស្ថានភាពវិនិយោគ និងភាពអំណោយផល ព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគឯកជនផងដែរ។
ក្រុមហ៊ុន CCECC ក៏បានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការចូលរួមវិនិយោគនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានលើកបង្ហាញអំពីគម្រោងមួយចំនួនដែលក្រុមហ៊ុនធ្លាប់បានអភិវឌ្ឍន៍នៅប្រទេសមួយចំនួនផងដែរ៕