ហ្វីលីពីន នឹងបន្តបេសកកម្មដឹកស្បៀងនៅសមុទ្រចិនខាងត្បូងឡើងវិញ
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បញ្ជាក់ច្បាស់ៗនៅថ្ងៃអង្គារទី១០ ខែធ្នូថា ហ្វីលីពីននឹងបន្តបេសកកម្មដឹកស្បៀងនៅសមុទ្ទចិនខាងត្បូងឡើងវិញ ដោយមិនចាំបាច់ដាក់ពង្រាយកងទ័ពជើងទឹក ទោះបីជាមានឧប្បត្តិហេតុថ្មីៗជាមួយនាវាចិនក៏ដោយ។
លោក ម៉ាកូស បានប្រាប់អ្នកសារព័ត៌មានថា៖«យើងនឹងមិនជាផ្នែកមួយនៃការកើនឡើងភាពតានតឹងនៅក្នុងសមុទ្ទហ្វីលីពីន។ ហ្វីលីពីនបន្តគាំទ្រអ្នកនេសាទ»។ លោក ម៉ាកូស បានបញ្ជាក់ថា ប្រទេសហ្វីលីពីននឹងមិនដាក់ពង្រាយនាវាចម្បាំងកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់ដើម្បីការពារការបង្កហេតុ និងការកើនឡើងនៃភាពតានតឹងហ្វីលីពីនហៅផ្នែកនៃសមុទ្ទចិនខាងត្បូងដែលខ្លួនទាមទារថា ជាសមុទ្ទហ្វីលីពីនខាងលិច។ គួររំឭកថា កាលពីថ្ងៃទី៤ ខែធ្នូ នាវាឆ្មាំសមុទ្ទរបស់ចិនបានប្រើកាណុងបាញ់ទឹក ហើយបានបើកគៀរទូកការិយាល័យជលផលរបស់រដ្ឋធានីម៉ានីល ដែលដឹកជញ្ជូនស្បៀងទៅឱ្យអ្នកនេសាទហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
លើសពីនេះ នាវាឆ្មាំឆ្នេរសមុទ្ទហ្វីលីពីនក៏ប្រឈមនឹងការរារាំងការតាមដាន និងសកម្មភាព ដ៏គ្រោះថ្នាក់ពីនាវាកងទ័ពជើងទឹកចិនផងដែរ។ ហ្វីលីពីនបានដាក់ការតវ៉ាការទូតប្រឆាំងនឹងចិន ដែលទាមទារទឹកដីស្ទើរតែទាំងអស់នៃសមុទ្ទចិនខាងត្បូង។ ឆ្មាំឆ្នេរសមុទ្ទរបស់ប្រទេសចិន បានឆ្លើយតបកាលពីសប្តាហ៍មុនថា ទូកហ្វីលីពីនបានចូលទៅជិតដែនទឹករបស់រដ្ឋធានីប៉េកាំងនៅតំបន់ Scarborough Shoal៕