អ៊ីស្រាអែល នឹងបង្កើនការវាយប្រហារតាមអាកាស លើឃ្លាំងផ្ទុកសព្វាវុធទំនើបៗរបស់ស៊ីរី
ហ្ស៊េរ៊ុយសាឡិម៖ អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារតាមអាកាសលើឃ្លាំងផ្ទុកសព្វាវុធទំនើបៗរបស់ស៊ីរី និងរក្សាវត្តមានយោធានៅតាមព្រំដែន ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានបន្ទាប់ពីការផ្តួលរលំប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ។ នេះបើតាមការអះអាងដោយមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃចន្ទទី៩ធ្នូ។
អ៊ីស្រាអែលកំពុងឃ្លាំមើលភាពចលាចលនៅក្នុងប្រទេសស៊ីរីឥតដាក់ភ្នែក ខណៈរដ្ឋធានីហ្ស៊េរ៊ុយហ្សាឡិមកំពុងថ្លឹងថ្លែងពីផលវិបាកនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនឆ្នាំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រាប់អ្នកយកព័ត៌ថា៖«យើងកំពុងចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីព្យាយាមធានាសន្តិសុខរបស់យើង ដែលបង្កឡើងដោយស្ថានភាពដ៏ក្ដៅគគុកនៅក្នុងប្រទេសស៊ីរី»។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ (Israel Katz) បានលើកឡើងថា៖«យោធានឹងកម្ទេចអាវុធយុទ្ធសាស្ត្រធុនធ្ងន់នៅទូទាំងប្រទេសស៊ីរី រួមទាំងមីស៊ីលបាញ់ពីដីទៅអាកាស ប្រព័ន្ធការពារដែនអាកាស មីស៊ីលតម្រង់ទិស រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និងមីស៊ីលវាយប្រហារតាមឆ្នេរសមុទ្ទ»។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះនឹងបន្តកើតមាននៅប៉ុន្មានថ្ងៃខាងមុខ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ហ្គីឌៀន សារ (Gideon Saar) បានឱ្យដឹងថា អ៊ីស្រាអែលមិនមានបំណងក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងស៊ីរីទេ ហើយមានការព្រួយបារម្ភតែលើការការពារពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ លោកបានប្រាប់អ្នកយកព័ត៌មានថា៖«មូលហេតុដែលយើងវាយប្រហារប្រព័ន្ធអាវុធយុទ្ធសាស្ត្រ ដូចជាអាវុធគីមីដែលនៅសេសសល់ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រ៉ុក្កែត គឺដើម្បីកុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកជ្រុលនិយម»។
កងកម្លាំងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង១០០លើកទៅលើទីតាំងយោធានៅក្នុងទីក្រុងចំនួន៤របស់ប្រទេសស៊ីរី រួមទាំងទីក្រុង Latakia ផងដែរ។ នេះបើយោងតាមក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់ប្រទេសស៊ីរី និងសារព័ត៌មាន Associated Press។ កន្លែងផលិតអាវុធគីមី គឺស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឡើងរាប់រយដងក្នុងរយៈពេលពីរថ្ងៃកន្លងមក រួមទាំងនៅលើទីតាំងមួយក្នុងរដ្ឋធានីដាម៉ាស ដែលត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍរ៉ុក្កែតដោយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់។ គួរបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងសង្គ្រាមជាមួយសត្រូវជាច្រើន អ៊ីស្រាអែលឥឡូវនេះមានការព្រួយបារម្ភថា ភាពចលាចលនៅក្នុងប្រទេសស៊ីរីអាចហៀរចូលទៅក្នុងទឹកដីរបស់ខ្លួន។ អ៊ីស្រាអែលក៏បានចាត់ទុកការបញ្ចប់នៃរបបលោក អាសាដ ថាជាឱកាសមួយដើម្បីបង្អាក់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការរត់ពន្ធអាវុធឆ្លងកាត់ប្រទេសស៊ីរីទៅកាន់ក្រុមសកម្មប្រយុទ្ធហេស្សបូឡាហ៍ផងដែរ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានរឹបអូសទឹកដីនៅក្នុងតំបន់ដែលគ្រប់គ្រងដោយស៊ីរី Golan Heights។ លោក នេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យកងកម្លាំងអ៊ីស្រាអែលគ្រប់គ្រងតំបន់ទ្រនាប់ Golan Heights ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ១៩៧៤ ជាមួយប្រទេសស៊ីរី ៕