ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួម និងជាវាគ្មិនក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ ក្រោមប្រធានបទ”សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិការដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងពិធីបិទវេទិកាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។
វេទិកាលើកទី៦នេះ ត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងសហការរៀបចំដោយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា “អង្គការ CCC” ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ៥២០នាក់ ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល អាជ្ញាធររដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៥ ប្រមូលបញ្ហាប្រឈមនានា ដើម្បីពិភាក្សាពិគ្រោះយោបល់ និងសម្របសម្រួលស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងការចែករំលែកអំពីបទពិសោធល្អៗ និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ៕